Patrik Schumacher ជាស្ថាបត្យករ អ្នកនយោបាយ ឬក៏ជនអនាធិបតេយ្យនិយម?

ប្រហែលអ្នកទាំងអស់គ្នាបានអាន ឬលឺអំពីព័ត៌មានថ្មីៗនេះអំពីគោលគំនិតរបស់អ្នកដឹកនាំរបស់ការិយាល៏យស្ថាបត្យកម្ម ហ្សាហា ហាឌីត ឈ្មោះ Patrik Schumacher ទៅលើការធ្វើឯកជនភាវូបនីយកម្មទៅលើ លំហសាធារណៈ លំនៅដ្ឋានសង្គម នៅក្នុងទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេសហើយ។ ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមិនទាន់បានអានទេ សូមចូលទៅកាន់តំភ្ជាប់របស់ Dezeen នៅទីនេះ។ គាត់បាននិយាយជាសាធារណៈនាកម្មវិធី ពិធីបុណ្យស្ថាបត្យកម្មពិភពលោកនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ Patrik ព្យាយាមពន្យល់ថា គេគួរតែបោះចោលបទបញ្ញាត្តិផ្សេងៗក្នុងការសាងសង់សង់ផ្ទះសំបែង និងគោលនយោបាយឧបត្ថម្ភធនលើតំលៃផ្ទះសម្បែងពីសំណាក់អាជ្ញាធរ ដើម្បីត្រួសត្រាយផ្លូវឲ្យពួកអ្នកអភិវឌ្ឍលំនៅដ្ឋានមានសេរីភាពកាន់តែច្រើនក្នុងការបង្កើត”តម្លៃសមរម្យ”សំរាប់អ្នកដែលមានចំណូលទាប។ គោលគំនិតទាំង៨របស់គាត់ដើម្បីអាចរកអានបាននៅលើទំនភ្ជាប់ដែលខ្ញុំបានដាក់ជូននៅខាងលើ។

ខ្ញុំមានអារម្មណ៍តក់ស្លុតខ្លាំងមានទែន នៅពេលដែលបានដឹងពីព័ត៌មាននេះ ពីព្រោះខ្ញុំតែងតែគិតថា លំនៅដ្ឋានសង្គម និងកម្មវិធីគោលនយោបាយឧបត្ថម្ភធនលើតំលៃផ្ទះសម្បែង គឺជាមធ្យោបាយតែមួយគត់សំរាប់ពេលឥលូវនេះ ដើម្បីដោះស្រាយបញ្ហាកំណើនប្រជាជនយ៉ាងគំហុកនៅក្នុងទីក្រុងនានានៅលើពិភពលោក។ ខ្ញុំដឹងថាមនុស្សរស់នៅបស្ចឹមលោកភាគច្រើន មានគំនិតមិនល្អទៅលើលំនៅដ្ឋានសង្គម ដោយសារកត្តាផ្សេងៗជាច្រើន ប៉ុន្តែបើអាគារទាំងនោះរចនាបានត្រឹមត្រូវ និងប្រកបដោយគំនិតច្នៃប្រឌិត ខ្ញុំជឿថាបញ្ហាទាំងពួងដែលពួកគេខ្លាចនឹងរលាយបាត់អស់។ នៅស្រុកយើង គំនិតអវិជ្ជមានអស់នឹង ក៏មានដែរ! ជាក់ស្តែង អាគារប៊ួឌីងស ដែលឃើញសព្វថ្ងៃ។ អ្នកខ្លះមកពីខាងក្រៅសឹងតែមិនហ៊ានដើរកាត់ផង ព្រោះគេគិតថាវាគ្មានសុវត្ថិភាព។ សួរថាតើស្ថាបត្យករ លូ ប៉ាន់ហាប់ និង វិស្វករ Vladimir Bondiasky រចនាវាមិនបានល្អ? ចំលើយជារួមគឺថាអត់មានទេ ពួកគាត់បានសិក្សាអំពីការរស់នៅរបស់ប្រជាជនខ្មែរច្បាស់ណាស់មុននឹងសំរេចចិត្តរចនាវាឡើងបែបនេះ។ គំរោងលំនៅដ្ឋានប្រមូលផ្តុំសង្គមមហិមា នឹងប្រថុយប្រថានបែបនេះ មិនអាចចេះតែរចនាផ្តេសផ្តាស់បានទេ តែដោយសារកត្តាផ្សេងៗជាច្រើនរួមផ្សំគ្នា បានធ្វើឲ្យអាគារមួយនេះមានសភាពទៅជាបែបនេះ។ គួរឲ្យស្តាយដែរដែលគេមានគំរោងវាយកម្ទេចវាចោល ហើយសាងសង់អាគារលំនៅដ្ឋានប្រមូលផ្តុំថ្មី ពីព្រោះថា អាគារប៊ូឌីងគឺជាសំណង់បេតិភណ្ឌមួយរបស់ទីក្រុងភ្នំពេញ ហើយវាជានិមិត្តរូបសំខាន់ក្នុងការបង្ហាញថា ចលនាស្ថាបត្យកម្មសម័យទំនើបនៅលោកខាងលិចបានមកដល់ស្រុកខ្មែរដែរ នៅទស្សវត្សទី៦០។ សង្ឃឹមថាការរចនាអាគារថ្មីនៅលើទីតាំងចាស់មានភាពប្រសើរជាងមុនទៅចុះ ពីព្រោះតាមគំនិតខ្ញុំបើកាលណាការចនាអាគារថ្មីស្រឡាង មិនអាចប្រៀបស្មើនឹងអាគារចាស់នៅលើទីតាំងនោះដែលគេបានវាយកំទេចចោល វាគឺជាការបរាជ័យមួយដ៏ធំធេងក្មុងវិស័យស្ថាបត្យកម្ម។

ឥលូវយើងចូលមកនិយាយពិសាច់រឿងរបស់អត្ថបទដែលខ្ញុំចង់និយាយវិញម្តង។ ការលុបបំបាត់បទបញ្ញាត្តិក្នុងការសាងសង់ផ្ទះសំបែងមិនមែនជាគំនិតត្រឹមត្រូវនោះទេ។ ខ្ញុំប្រហែលជាគិតខុសនៅទីនេះ(ពីព្រោះអត់ទាន់ស្រាវជ្រាវឲ្យដិតដល់ពីបញ្ហានេះ) ប៉ុន្តែមុននឹងមានបទបញ្ញាត្តិសាងសង់ផ្សេងៗ រាជការតែងតែមានអ្នកជំនាញបច្ចេកទេសឆ្លងយោបល់ជាមុនសិនដើម្បីអាចចេញសេចក្តីសំរេចបាន។ ការលុបបំបាត់នេះ នឹងផ្តល់សេរីភាពដល់ស្ថាបត្យករពិតមែន តែផលវិបាកផ្សេងទៀតនឹងកើតមានឡើងជាក់ជាមិនខានដូចជាកង្វះខាតបទដ្ឋានបច្ចេកទេសសុវត្ថិភាពជាដើម។ តើ Patrik ប្រាកដក្នុងចិត្តដែរឬអត់ថា ក្រោយការលុបបំបាត់បទដ្ឋានបច្ចេកទេសសំណង់ ម្ចាស់សំណង់ទាំងឡាយមានមូលធននឹងជ្រើសរើសយកការិយាល័យប្រកបដោយភាពឆ្នៃប្រឌិតដូច ហ្សាហា ហាឌីត មករចនាអាគារឲ្យពួកគេ? មានទឡ្ហីករមួយដែលខ្ញុំចង់លើកមកនិយាយ។ ការិយាល័យ ហ្សាហា ហាឌីត បានទទួលភារកិច្ចដើម្បីរចនាអាគារវិទ្យាស្ថានស្លឹករិត(សូមចុចលើតំណភ្ជាប់នេះដើម្បីមើលអំពីគំរោងដើម) នៅក្នុងទីក្រុងភ្នំពេញ។ ការវាយតំលៃការសាងសង់ជាចុងក្រោយគឺគេត្រូវចំណាយលុយលើគំរោងនេះចំនួន ៤០លានដុល្លាអាមេរិក(ចុចលើតំណភ្ជាប់នេះដើម្បីអានអំពីសេចក្តីលំអិតក្នុងកាសែតភ្នំពេញប៉ុស្តិ៍)។ យើងឃើញថាតំលៃសំរាប់ការរចនានេះ វាមានតំលៃថ្លៃមែនទែន។ ដូចនេះហើយ ពួកម្ចាស់អាគារនឹងមិនមានថវិការគ្រប់គ្រាន់សំរាប់បង់ថ្លៃសេវាទាំងអស់នេះឡើយ។ ពួកគេអាចជ្រើសរើសការិយាល័យផ្សេងទៀតដែលថោកជាង ហើយស្រួលមិនស្រួលគេនឹងសាងសង់ដោយខ្លួនឯងផងក៏មិនដឹង។ បើសេណារីយោចុងក្រោយកើតឡើងមែន ពួកម្ចាស់សំណង់នឹងអាចធ្វើអ្វីតាមតែចិត្តពួកគេទៅហើយ? ប្រការបែបណឹងល្អដែរសំរាប់អនាគតស្ថាបត្យកម្មតាមការយល់ឃើញរបស់Patrik? តែអ្នកខ្លះនឹងក្រកែកដោយលើកឧទាហរណ៍ថា រាជការគួរតែលុបបទបញ្ញាត្តិចេញពីពួកស្ថាបត្យករបានហើយ! ខ្ញុំគិតថាអាណឹងនឹងនៅតែចោទជាបញ្ហា។ សរុបមកនៅផ្នែកនេះ រាជការត្រូវតែមានបទបញ្ញាត្តិសាងសង់នៅក្នុងទីក្រុង ឬជនបទ ដើម្បីបង្ការសេចក្តីពុំគាប់គួរណាមួយកើតឡើងចំពោះសំណង់ និងប្រជាជននៅក្នុងទីកន្លែងនោះ។

ឯកជនភាវូបនីយកម្មទៅលើ លំហសាធារណៈគឺជាមហន្តរាយដ៏ធ្ងន់ធ្ងរចំពោះទីក្រុង និងប្រជាជនដែលរស់នៅទីនោះ។ អ្នកទាំងអស់គ្នាសាកគិតសម៏យទៅមើល ប្រសិនបើរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំត្រូវបានកាន់កាប់ដោយក្រុមហ៊ុនឯកជន ហើយរាល់ការចូលដើរកំសាន្តម្តងៗត្រូវបង់ប្រាក់ជានិច្ច តើនឹងមានមនុស្សទៅប៉ុន្មាននាក់ក្នុងមូយថ្ងៃ? តើនេះមិនមែនជាវិធីដែលដេញប្រជាជនក្រីក្រមិនមានលទ្ធភាពឲ្យរស់នៅចាកឆ្ញាយពីតំបន់កំសាន្តទេ ? Patrik គាត់ប្រហែលជាយល់បញ្ហានេះច្បាស់ជាងនរណាទៅទៀត។ ក្នុងគំនិតខ្ញុំ លំហសាធារណៈក្នុងក្រុងមិនមែនជារបស់បានមកដោយមិនមានការចូលរួមពីប្រជាជនរស់នៅទីនោះ នោះទេ(ខ្ញុំសូមលើកពីទីក្រុងឡុងដ៍ក្នុងករណីនេះ ដោយសារគាត់និយាយពីទីក្រុងនេះ)។ លំហសាធារណៈនិមួយៗកើតចេញការបង់ពន្ធរបស់ប្រជាពលរដ្ឋទាំងឡាយដែលរស់នៅទីនោះ។ ខ្ញុំគិតថាបើលំហសាធារណៈត្រូវបានគេធ្វើឲ្យក្លាយទៅជាកម្មសិទ្ធឯកជន ដើម្បីតែទាក់ទាញពួកវិនិយោគ នោះប្រព័ន្ធទំនាក់ទំនងសង្គមទាំងមូលនឹងត្រូវបំផ្លាញទាំងស្រុង។ គ្មានការជួបជុំជាសាធារណៈបានឡើយ។ Patrik Schumacher បានទាំងផ្តល់យោបល់ថាផ្លូវថ្នល់ផ្សេងៗក៏គួរតែធ្វើឯកជនភាវូបនីយកម្ម។

កម្មវិធីឧបត្ថមធនទៅលើផ្ទះសម្បែងគួរតែមានជាចាំបាច់។ ខ្ញុំនឹងមិនលើកយកហេតុផលច្រើនមកនិយាយទៀតទេ ដោយមិនចង់ឲ្យមានទាក់ទងខ្លាំងពេកទៅនឹងបញ្ហានយោបាយ។

ជាសរុបសេចក្តីមក ខ្ញុំមានគិតថា Patrik Schumacher បានប្រាសចាកខ្លាំងមែនទែនពីស្ថាបត្យកម្មតាមរយៈគោលការណ៍ទាំង៨ចំនុចដែលគាត់ចង់បានសំរាប់ទីក្រុងឡុងដ៍។ តើនេះជាអ្វីដែលស្ថាបត្យករធ្វើដើម្បីទីក្រុង និងមនុស្សជាតិ? ឡឺ ក័រប៉ុយស៊ីយ៉េ បានធ្វើបដិវត្តចលនាស្ថាបត្យកម្មនៅលើពិភពលោកនៅទស្សវត្សទី២០ ដោយបានបង្ហាញពីគោលគំនិតរបស់គាត់តាមរយៈការរចនាអាគារ ឬក៏ទស្សនវិជ្ជាស្ថាបត្យកម្ម តែអ្នកដឹកនាំរបស់ការិយាល៏យស្ថាបត្យកម្ម ហ្សាហា ហាឌីត មួយរូបនេះ មិនបានធ្វើដូចអ្វីដែល ឡឺ ក័រប៉ុយស៊ីយ៉េ ធ្វើសោះឡើយនៅក្នុងវេទិការនៅទីក្រុងប៊ែកឡាំងនោះ។ ផ្ទុយទៅវិញ គាត់បានធ្វើខ្លួនដូចអ្នកនយោបាយអ៊ីចឹង។ ខ្ញុំគិតថានយោបាយគួរតែទុកនៅឲ្យឆ្ងាយពីវិជ្ជាជីវៈ។ គួររំលឹកថាគាត់បានបោះពុម្ពផ្សាយអំពីគំនិតស្ថាបត្យកម្មនាថ្ងៃអនាគតរបស់គាត់ជាច្រើនផងដែរនៅលើគេហទំព័រ academia.edu។ ទាំងអស់គ្នាអាចចូលទៅអានបាន។ គាត់គួរតែផ្តោតទៅលើការសរសេទាំងអស់នោះវិញ នេះបើតាមយោបល់ខ្ញុំ ពីព្រោះខ្ញុំចូលចិត្តអានអត្ថបទទាំងអស់នោះ! ប៉ុន្តែប្រហែលភាពអស្មិមានះរបស់គាត់មានទំហំធំធេងហួសប្រមាណទេដឹង ទើបគាត់ត្រូវការនៅលើទំព័រមុខរបស់សារព័ត៌មានស្ថាបត្យកម្មផ្សេង? ខ្ញុំក៏មិនដឹងដែរ ពីព្រោះគឺមានតែគាត់ទេទើបអាចប្រាប់ពីចំលើយនេះបាន៕

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a website or blog at WordPress.com

Up ↑

%d bloggers like this: